Hebrews 1

1កាលពី​ដើមព្រះជាម្ចាស់មានបន្ទូល​មក​កាន់​ដូនតា​របស់​យើង​តាមរយៈ​ពួក​អ្នកនាំព្រះបន្ទូល​ជា​ច្រើន​លើក​ច្រើនសា​ដោយ​ប្រើ​របៀប​ផ្សេងៗ​ជា​ច្រើន 2ប៉ុន្ដែនៅគ្រាចុងក្រោយនេះ​ព្រះជាម្ចាស់​មានបន្ទូល​មក​កាន់​យើងតាមរយៈ​ព្រះ​រាជ​បុត្រាដែល​ព្រះអង្គ​បាន​តែងតាំង​ជា​អ្នក​ស្នងមរតក​លើ​របស់​សព្វសារពើ​ហើយ​ព្រះអង្គ​ក៏​បាន​បង្កើតពិភពលោកតាមរយៈ​ព្រះ​រាជ​បុត្រាដែរ 3ព្រះរាជ​បុត្រាជារស្មីនៃសិរីរុងរឿង​របស់​ព្រះជាម្ចាស់និង​មាន​លក្ខណៈ​របស់​ព្រះជាម្ចាស់​ទាំងទ្រទ្រង់​របស់​សព្វសារពើ​ដោយ​ព្រះបន្ទូល​ដ៏​មាន​អំណាចរបស់ព្រះអង្គ។ ​បន្ទាប់​ពី​ព្រះអង្គ​បាន​សំ​អាត​មនុស្ស​ឲ្យបានបរិសុទ្ធពីបាប​ហើយ​ព្រះអង្គ​គង់នៅខាងស្ដាំព្រះ​ដ៏​ឧត្ដុង្គ​ឧត្ដមនៅស្ថាន​ដ៏​ខ្ពស់ 4ព្រះរាជ​បុត្រា​បាន​ទទួលនាមមួយដ៏​ប្រសើរ​លើសជាង​អស់​ទាំង​នាម​របស់​ពួកទេវតា​ដែល​ទុក​ជា​មរតកជា​យ៉ាង​ណា​ព្រះអង្គ​ក៏​ត្រលប់ជាវិសេសលើសជាង​ពួក​ទេវតា​ជា​យ៉ាង​នោះ​ដែរ។ 5ដ្បិតតើ​ព្រះជាម្ចាស់​ធ្លាប់​មានបន្ទូល​ទៅ​កាន់​ទេវតាណា​ដែរ​ឬ​ទេ​ថា៖ ​«ព្រះអង្គជាបុត្រ​របស់​យើងយើង​បាន​បង្កើតព្រះអង្គ​នៅ​ថ្ងៃនេះ» ​​«យើង​នឹង​ធ្វើ​ជា​បិតា​របស់​គេហើយគេ​នឹង​ធ្វើ​ជា​បុត្រ​របស់​យើង»? 6ម្យ៉ាងទៀតពេល​ព្រះអង្គ​បាន​ចាត់​បុត្រ​ច្បង​ឲ្យ​មកក្នុងពិភពលោកនេះ​ព្រះអង្គ​មានបន្ទូលថា៖ ​«ចូរ​ឲ្យ​ទេវតាទាំងអស់​របស់​ព្រះជាម្ចាស់ថ្វាយបង្គំ​ព្រះ​រាជ​បុត្រ»។ 7ដោយឡែកព្រះជាម្ចាស់​មានបន្ទូលអំពី​ពួក​ទេវតាថា៖ ​«ព្រះអង្គ​យក​ពួក​ទេវតារបស់ព្រះអង្គធ្វើជាខ្យល់ហើយ​យក​ពួក​អ្នក​បម្រើរបស់ព្រះអង្គ​ធ្វើ​ជា​អណ្ដាតភ្លើង» 8ប៉ុន្ដែព្រះអង្គ​មាន​បន្ទូល​អំពី​ព្រះ​រាជ​បុត្រា​ថា៖ ​«ឱ​ព្រះ​ជាម្ចាស់​អើយ! ​បល្ល័ង្ក​របស់​ព្រះអង្គនៅ​ស្ថិត​ស្ថេរអស់កល្បជានិច្ចហើយដំបងរាជ្យនៃនគរ​របស់​ព្រះអង្គជាដំបងរាជ្យនៃ​សេចក្ដី​សុចរិត 9ព្រះអង្គស្រលាញ់​សេចក្ដី​សុចរិតហើយស្អប់​សេចក្ដី​ទុច្ចរិតហេតុ​នេះ​ហើយបានជាព្រះជាម្ចាស់​ជា​ព្រះ​របស់​ព្រះអង្គ​បាន​ចាក់ប្រេងតាំង​ជា​ប្រេង​នៃ​សេចក្ដី​អំណរ​លើ​ព្រះអង្គលើស​ជាង​គូកន​របស់​ព្រះអង្គ​ទៅ​ទៀត» 10ហើយថា៖ ​«ឱ​ព្រះអម្ចាស់អើយ! ​កាល​ដើម​ដំបូង​ព្រះអង្គ​បាន​បង្កើតផែនដីហើយ​ផ្ទៃ​មេឃ​ក៏​ជាស្នា​ព្រះ​ហស្ដ​របស់​ព្រះអង្គ​ដែរ 11របស់ទាំងនោះ​នឹង​សាប​សូន្យទៅប៉ុន្ដែព្រះអង្គនៅ​ស្ថិតស្ថេរ​ជានិច្ច។ ​របស់​ទាំងអស់​នឹង​ចាស់ទៅដូចជាសម្លៀកបំពាក់ 12ហើយព្រះអង្គ​នឹង​ឆ្មូលរបស់ទាំងនោះដូចជា​ឆ្មូល​សម្លៀកបំពាក់​របស់​ទាំងនោះ​នឹង​ប្រែប្រួលទៅដូចជាសម្លៀកបំពាក់ដែរប៉ុន្ដែព្រះអង្គនៅដដែល​ព្រះ​ជន្ម​របស់​ព្រះអង្គមិនផុតឡើយ»។ 13តើព្រះអង្គ​ធ្លាប់មានបន្ទូលទៅកាន់ទេវតាណា​ដែរ​ឬ​ទេ​ថា៖ ​«ចូរ​អង្គុយនៅខាងស្ដាំយើងរហូតដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​ជា​កំណល់ជើង​របស់​អ្នក»? 14តើពួក​ទេវតា​ទាំងអស់​នោះ​មិនមែនជាវិញ្ញាណបម្រើ​ដែល​ព្រះអង្គ​បាន​ចាត់មកសម្រាប់បម្រើ​អស់​អ្នកដែលត្រូវទទួល​បាន​សេចក្ដី​សង្គ្រោះ​ទុក​ជា​មរតក​ទេ​?
Copyright information for KhmKCB